សូមប្រុងប្រយ័ត្ន! អុជធូបសែនដកជើងធូបចាស់ មិនប្រយ័ត្នបង្កជាអគ្គីភ័យឆេះផ្ទះ យ៉ាងសន្ធៅសន្ធៅ នៅក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖ អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង៥៧នាទីរសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្សារត្រីស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
បើយោងតាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន បានប្រាប់ថា ការដែលឆាបឆេះនេះ គឺផ្ដើមចេញពីម្ចាស់ផ្ទះឈ្មោះ តៀក យេន ភេទប្រុស អាយុជាង៧០ឆ្នាំ ប្រពន្ធឈ្មោះ គឹម ហាង អាយុជាង៥០ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ ដែលគាត់ជួលផ្ទះគេប្រកបរបរលក់ខោអាវជជុះដូចជាពួក ខ្នើយជាដើម។ ដោយម្ចាស់ផ្ទះខាងលើគាត់បានដកជើងធូបសែនចិនរួចយកជើងធូបទៅដុតចោលមិនប្រយ័ត្ន ដោយក្នុងផ្ទះរបស់គាត់ មានពួក ខោអាវជជុះរាយប៉ាយមិនមានការរៀបចំទុកដាក់ឲ្យបានត្រឹមត្រូវ ទើបបង្កជាអគ្គីភ័យឆាបឆេះតែម្ដង។ អគ្គីភ័យដែលឆាប់ឆេះនោះមានផ្ទះចំនួន៥ល្វែង រងការខូចខាតធ្ងន់ធ្ងរចំនួន២ល្វែង តែទំហំទ្រព្យសម្បត្តដែលបាត់បង់ក្នុងហេតុការណ៍នោះមិនទាន់កំណត់ បាននៅឡើយទេ។
គ្រោះអគ្គីភ័យនោះគេឃើញអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កម្លាំងប្រដាប់អាវុធក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានការយកចិត្តទុកដាក់អន្តរាគមន៏ជួយពន្លត់អស់ពីកម្លាំងចិត្តកម្លាំងកាយ និងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យជាង១៥គ្រឿង គ្រប់គ្រងស្ថានការណ៍បាននៅវេលាម៉ោង ៣និង០០នាទីរសៀលថ្ងៃដែល នៅក្នុងហេតុការណ៍អគ្គីភ័យនោះធ្វើឲ្យមនុស្ស៤នាក់រងរបួស(ស្រាល) ដែលខណ:ពួកគាត់ចូលរួមទៅជួយពន្លត់អគ្គីភ័យខាងលើ។
សូមបញ្ជាក់ថា នៅកន្លែងកើតហេតុគឺជាទីតាំងមួយដែលអាជីវករក៏ដូចជាអ្នកលក់ដូរតាមម៉ូតូដាក់ចតលើផ្លូវមានការចង្អៀតជាខ្លាំង ហើយនៅក្នុងហេតុការណ៍នោះអាជ្ញាធរក៏ដូចជាសមត្ថកិច្ច បានបិទផ្លូវ និងចាត់វិធាន់ការទាន់ពេល តែមិនដឹងថាទំហំនៃការឆាប់ឆេះធំប៉ុណ្ណានោះឡើយ។ បញ្ហាខាងលើនេះដែរ សមត្ថកិច្ចបានបញ្ជាក់ក្នុងហេតុការណ៍នោះថានៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ស្អែកនេះកងកម្លាំងសមត្ថកិច្ច និងសហការជាមួយកម្លាំងជាមួយអាជ្ញាធរក្រុង និងសង្កាត់នឹងចាត់វិធានការដល់អាជីវករលក់ដូរលើចិញ្ចើមផ្លូវនៅចំណុចកើតហេតុខាងលើនេះ មិនឲ្យលក់ដូរ ដើម្បីទុកផ្លូវឲ្យធំទូលាយ ងាយស្រួលពេលកើតមានអគ្គិភ័យ រថយន្តពន្លត់អគ្គិភ័យធ្វើចរាចរណ៍បានស្រួល៕